កម្ពុជាមិនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីនោះទេ ក្នុងពេល២ថ្ងៃចុងក្រោយនេះ។ ទោះជារកមិនឃើញករណីឆ្លងថ្មី ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា នឹងមិនបន្ធូរដៃឡើយ ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះទេ។ លោកជំទាវវេជ្ជបណ្ឌិតអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ដូច្នេះនៅថ្ងៃទី៥មេសានេះ ក្នុងបណ្តាញតេឡេក្រាម តបនឹងសំណួរអ្នកសារព័ត៌មាន។

លោកជំទាវបានគូសបញ្ជាក់ថាបន្ថែមថា៖ «គឺជាសញ្ញាល្អហើយ ប៉ុន្តែយើងទាំងអស់គ្នាត្រូវចូលរួមប្រុងប្រយ័ត្នជាប់ជានិច្ច និងការចូលរួមទប់ស្កាត់ការចម្លងពីបុគ្គលមួយទៅបុគ្គលមួយទៀត នៅតែជាចំនុចសំខាន់ចាំបាច់ជាទីបំផុត។ ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃ នូវវិធានការការពារខ្លួន និងការធ្វើអនាម័យជាប្រចាំ ព្រោះថាមិនមែនយើងរកមិនឃើញ២ថ្ងៃនេះ យើងមិនមានការចម្លង ជាហេតុនាំឱ្យយើងបន្ធូរដៃនោះទេ ដែលជាឱកាសមួយអាចធ្វើឱ្យវីរុសកូវីដ១៩ អាចនឹងវ៉ៃបកមកយើងវិញជាយថាហេតុ ព្រោះថាបើយើងភ្លេចខ្លួន សត្រូវនេះ នឹងវាយលុកមកយើងវិញ ក្នុងរយ:ពេលដ៏ខ្លីបំផុត។

លោកជំទាវបានបន្តថា ការរកមិនឃើញករណីវិជ្ជមានកូវីដ-១៩ នា២ថ្ងៃចុងក្រោយនេះ គឺគ្រាន់តែបង្ហាញពីប្រសិទ្ធភាព នៃការអនុវត្តវិធានការទប់ស្កាត់នានារបស់អ្នកពាក់ព័ន្ធប៉ុណ្ណោះ មិនមែនមានន័យថា កម្ពុជានឹងលែងមានករណីឆ្លងនោះទេ។យើងមិនទាន់អាចវាយតម្លៃបាននៅឡើយទេ ត្រូវប្រយ័ត្នខ្ពស់ណាស់ក្នុងដំណាក់កាលនេះ ព្រោះទើបតែពីរថ្ងៃមិនមានករណីថ្មី។ តាមបច្ចេកទេសគ្រាន់តែជាការបង្ហាញនូវប្រសិទ្ធភាពអន្តរាគមន៍របស់យើងជាបណ្តើរៗ តែប៉ុណ្ណោះ តែស្ថានភាពនៅផុសស្រួយណាស់។
សូមបញ្ជាក់គិតត្រឹមថ្ងៃទី៥ ខែមេសានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១១៤ករណី ក្នុងនោះអ្នកជាសះស្បើយ មានចំនួន ៥០ករណី ឬស្មើនឹងជាង ៤៣ភាគរយនៃអ្នកឆ្លងសរុប។ ក្នុងចំណោមអ្នកជាសះស្បើយទាំង៥០នាក់ មានជនជាតិខ្មែរ២៤នាក់ ជនជាតិចិន១នាក់, អង់គ្លេស ៣នាក់, បែលហ្សិក១នាក់, បារាំង១៧នាក់, និងជនជាតិម៉ាឡេស៊ីចំនួន ៤នាក់៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ